www.ajf.org.kh

ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារបឋមសិក្សាចំនួន ១៥ អគារ នៅក្នុងតំបន់ដាច់ស្រយាល

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានរៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារបឋមសិក្សាចំនួន ១៥ អគារ នៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តចំនួន ៥ ដែលត្រូវបានសាងសង់ឡើង ដោយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

អគារបឋមសិក្សាទាំង ១៥ អគារ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានអង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ហើយក៏បានប្រគល់ឱ្យសាលានីមួយៗប្រើប្រាស់ដើម្បីទទួលសិស្សានុសិស្សចូលរៀនជាបន្ដបន្ទាប់ផងដែរ។ ក្នុងនោះ មាន ៥ អគារ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ, ៤ អគារ នៅខេត្តព្រះវិហារ, ២ អគារ នៅខេត្តស្ទឹងត្រែង, ១អគារ នៅខេត្តរតនគិរី និង ៣ អគារទៀត នៅក្នុងខេត្តមណ្ឌលគិរី។

បណ្ឌិត ព្រំ វិសុទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានលើកឡើងដែរថា អគារបឋមសិក្សាទាំង ១៥ អគារ ដែលបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានចំណាយថវិកាសាងសង់អស់ប្រមាណជាង ៩៤ ម៉ឺនដុល្លារអាម៉េរិក ដោយបច្ចុប្បន្ន មានសិស្សានុសិស្សកំពុងសិក្សាចំនួនជាង ២ពាន់នាក់ និងមានលោកគ្រូ-អ្នកគ្រូ គំពុងបង្រៀនសរុបចំនួន ៨៥នាក់។ នៅក្នុងឆ្នាំ២០២៦នេះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បាននិងកំពុងសាងសង់អគារបឋមសិក្សាចំនួន ០២ អគារបន្ថែមទៀត ដែល ក្នុងខេត្តព្រះវិហារ និងខេត្តរតនគិរី ដែលគ្រោងនឹងចំណាយថវិកាអស់ចំនួន ជិត ១៤ម៉ឺន ដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាបឋមសិក្សាទាំង ១៥ អគារខាងលើនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ធនាគារអេស៊ីលីដា តាមរយៈអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការជួយគាំទ្រលើកកម្ពស់វិស័យអប់រំនៅកម្ពុជានៅក្នុងរយៈពេល ៨ឆ្នាំមកនេះ ព្រមជាមួយនឹងការបង្កើតបាននូវសមិទ្ធផល និងផលជះជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសបានលើកកម្ពស់ការអប់រំប្រកបដោយគុណភាពនៅតាមតំបន់ដាច់ស្រយាល។ ឯកឧត្តម បានស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល បន្តបញ្ជូនកូនទៅទទួលការអប់រំ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដើម្បីឱ្យកូនៗបានត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀន បណ្តុះគ្រឹះចំណេះដឹងរឹងមាំ សម្រាប់ការបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា។

រូបភាព និងវីឌីអូភ្ជាប់មកជាមួយ

 »  ព័ត៌មាន  »  ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារបឋមសិក្សាចំនួន ១៥ អគារ នៅក្នុងតំបន់ដាច់ស្រយាល
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ២   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១១៨   ចំនួនអ្នកទស្សនាពីម្សិល : ១៧៩